. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធ We should live without fear

ព៍ត៌មានទាន់ហេតុការណ៍ៈ ......

Tuesday, February 26, 2013

​ដើមកំណើត​នៃ​ពាក្យ ‹​សៀម និង​ថៃ​› តាម​ការស្រាវជ្រាវ​ថ្មី​

ជនជាតិ​ថៃ​ដើម​នៅ​ក្វាង​ស៊ី (​រូបថត សាកលវិទ្យាល័យ​ជូឡាឡុងកន​ )
    ​អ្នក​ប្រវត្តិសាស្ដ្រ​ជាតិ​បារាំង​បានឲ្យដឹងថា ការស្រាវជ្រាវ​ថ្មីរបស់​លោក ហ្វែក​លូស(បារាំង) គឺ​ជា​ជំនួយ​ស្មារតី ដ៏​មាន​អត្ថន័យ​ស៊ីជម្រៅ សម្រាប់ស្វែងយល់​អំពី​ប្រភព​នៃ​ពាក្យ​សៀម ឬ​ស្យាម ។ តែ​ការដែល​មិន​អាច​រំលង​បាន​​នោះ គឺ​មតិ​របស់​លោកហ្វែកលូសបាន​ផុសចេញ​ពី​មេគំនិត​ធំ​គឺ​លោក រី​ស្បូ ដែល​ជា​ជនជាតិ​បារាំងដែរ ។​
​    ​វា​ជា​ការពិត​ណាស់ ដែល​ការហៅ​ឈ្មោះ​តាម​ជាតិ​ពិន្ធុ​វិទ្យា ក្នុង​សង្គមមនុស្ស គឺជា​បញ្ហា​ស្មុគស្មាញ​បំផុត ។ ជាទូទៅ​ប្រជាជន​សុទ្ធសឹងតែ​មាន​ឈ្មោះ​មួយ​សម្រាប់​តាំង​អម្បូរ​ខ្លួនឯង ហើយ​ឈ្មោះមួយទៀត ឬ​ច្រើន​ជាង​មួយ​គឺជាការហៅរបស់អ្នក​ខាងក្រៅ​ ។ ដូច្នេះ​ឈ្មោះ​មួយ​អាច​ក្លាយទៅជា​ឈ្មោះ​មួយទៀត​ក៏​បាន ។ ការតាំង​ឈ្មោះ មាន​ការប្រែប្រួល​តាម​សម័យកាល ឬ​ទីតាំង ពោល​គឺ​មិន​មាន​ក្រឹត្យក្រម​អ្វី​ទេ ហើយ​អាច​ចេញ​ពី​សហគមន៍​មួយទៀត ជា​ហេតុ​ដែល​ធ្វើឲ្យ​សំ​នៀង​មាន​ការកែប្រែ ហើយ​មាន​លក្ខណៈ​មិន​ប្រាកដប្រជា​ផង ។​

​    ​ដោយឡែក​ជនជាតិ​សៀម ឬ​ថៃ ដែល​ជា​ជនជាតិ​ថ្មីថ្មោង​មកពី​ភូមិ​ភាគខាងត្បូង​នៃ​ប្រទេស​ចិន ជាពិសេស​ខាងជើង​នៃ​ប្រទេស​ភូមា​បច្ចុប្បន្ន ក៏​មាន​ឈ្មោះ​ផ្ទាល់ខ្លួន​របស់​គេ តាំង​ពី​កំណកំណើត​ពូជសាសន៍​គេ មកម្ល៉េះ ។ ព័ត៌មាន​ឯកសារដែល​អ្នក​ប្រវត្តិវិទូ​បាន​ប្រមូល​ ក្នុង​អំឡុង​ពេល​សិក្សា​ស្រាវជ្រាវ​កន្លងទៅនេះ មាន​ជាអាទិ៍ ភាសា​សាស្ដ្រ ប្រភព​នៃ​ពាក្យ​សិលាចារឹក​សាស្ដ្រ ការសិក្សា​អំពី​វប្បធម៌ ‹​សៀម​›  ដែលប្រការទាំងនេះ បាន​ជួយ​ឲ្យ​យើងយល់ដឹង​កាន់តែច្បាស់ អំពី​ប្រភព​នៃ​ពាក្យ​‹​សៀម​› ឬ ថៃ។ ការយល់ដឹង​អំពី​វប្បធម៌​បុរាណ​, ប្រវត្តិសាស្ដ្រ ក៏បាន​ផ្ដល់​នូវ​លទ្ធភាព ដើម្បី​កែតម្រូវ​នូវ​ទស្សនៈ​ខុស​មួយចំនួន ដែល​ធ្លាប់តែ​ផ្អែកលើ​ទិន្នន័យ​មិន​ត្រឹមត្រូវ​ ។​

ជនជាតិ​សៀម​នៅលើ​អង្គរវត្ត ចុង​ស​.​វ​ទី​១២ (​ថត ១៩៩៣)

​     ​ជាបឋម​ប្រវត្តិវិទូ​បាន​ផ្ដោត​ចំណាប់​អារម្មណ៍​ជាពិសេស​ទៅ​លើ​ ពាក្យ​៣ គឺ សៀម ស្សាំ និង​ស្សាម ដែល​គេ​ឃើញ កំពុងតែ​ពេញនិយម​នៅ​ប្រទេស​ថៃ​បច្ចុប្បន្ន ។ ក្រុម​អ្នកស្រាវជ្រាវ​បាន​ជួបប្រទះ​ការហៅ​យ៉ាង​ដូច្នេះ​ក្នុង​ កម្មវិធីសិក្សា​ក្នុង​ប្រទេស​ថៃ ។ ទន្ទឹម​នឹង​នេះ ​គេ​ក៏​មិន​ត្រូវ​ភ្លេច​ដែរ​ថា ពាក្យ​​សៀម ដែលហៅតាមជាតិពន្ធុ​ខាងលើ​នេះ​មាន​ប្រភព​ដូចគ្នា នឹង​ពាក្យ​ស្សាន ឬ​សាន ដែល​សំដៅលើ​ជនជាតិ​ថៃ​ភាគតិច​នៅ​ប្រទេស​ភូមា និង​អា​ស្សាម ។​

​    ​តាម​ការវិភាគ​ខាងលើ​គេ​ក៏​បាន​ដឹង​ផង​ដែរ​ថា ជនជាតិ​សៀម ឬ​សាន គឺជា​ជនជាតិ​ថៃ​ដូចជា ថៃ​នៅ​ភូមា និង​នៅក្នុង​អា​ស្សាម ដែល​មាន​ទាំង​ពូជសាសន៍ ​ទាំង​ផ្នែក​ភាសា​។ ជាមួយគ្នានេះ ​ក្នុង​ដំណាក់កាល​ដំបូងនៃ​ប្រ​វតិ្ដ​សាស្ដ្រ ​ជនជាតិ​នេះ​មិន​ទាន់​បាន​បង្កើត​រដ្ឋរ​បស់​ខ្លួន​នៅឡើយ ។ គេ​ក៏​បាន​ដឹង​ដែរ​ថា ចាប់តាំងពី​សតវត្សរ៍​ទី​១២ និង​ទី​១៣ តួនាទី​របស់​ស្យាម​មាន​លក្ខណៈ​យ៉ាងសកម្ម​ឡើងៗ រហូត​ដល់​ការ​បង្កើត​រដ្ឋ​ឯករាជ្យ​របស់​ខ្លួន នៅ​លើ​អតីត​ទឹកដី​ខ្មែរ ក្រោយ​ពី​ផ្សំ​កាត់​ជា​មួយ​ខ្មែរ និង​ប្រារព្ធ​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ ។​

ផែនទី​ស្ដីពី​ការ​ជន្លៀស​ខ្លួន​នៃ​អម្បូរ​ថៃ​-​លា​វ នៅ​ចុង​ស​.​វ​ទី​១២ ដើមទី​១៣

​    ​គួររំលឹកថា ជនជាតិ​ចិន​ហៅ​ជនជាតិ និង​ប្រទេស​របស់​សៀម​ថា ‹​សៀន​ឡូ ឬ​ស្សាន​ឡូ​› ដែល​ជា​ឈ្មោះ​នៃ​ព្រះរាជាណាចក្រ​ថៃ​ដំបូងបង្អស់ គឺ​នៅ​សុខោទ័យ ។ ពាក្យ​នេះ​ផ្សំផ្គុំ​រវាង​ពាក្យ​ពីរ​ម៉ាត់​គឺ សៀន​/​ស្សាន និង​ឡូ មក​ពី​លូ ឬ​លព្វ​បុរី ទី​ក្រុង​ខ្មែរ ដែល​សៀម​ឈ្លានពាន​ដណ្ដើម​យក​បាន​នៅ​ចុង​សតវត្សរ៍​ទី​១៣ ។ ឈ្មោះ​នេះ​ត្រូវបាន​គេ​កត់ត្រា​ទុក​នៅ​ឆ្នាំ​១២៩៧ ដោយ​អ្នកការទូត​ចិន ឈ្មោះ​ជីវ​តាក្វាន់ នៃ​សន្ដតិវង្ស​យ័ន ។ ក្នុងករណីនេះ យើង​ដឹង​ច្បាស់​ថា ពាក្យ​សៀម​នា​សម័យ​ទំនើប​នេះ​កើត​ចេញ​មកពី​ពាក្យ សៀន​/​ស្សាន យ៉ាង​ប្រាកដ ។​បញ្ហា​នេះ ​ទាក់ទង​ទៅ​នឹង​សិលាចារឹក​ខ្មែរវិញ ដូច​គេ​ដឹង​ស្រាប់​ហើយ​ថា ពាក្យ​ស្យាម​ក៏​ត្រូវបាន​គេ​ឃើញ​តាម​សិលាចារឹក​ខ្មែរ​នា​សម័យ​បុរេ​អង្គរ (​កុ​ស្សាម​/​ស្យាំ​) និង​អង្គរ (​ស្យាម​កុក​) ដែល​ភាគច្រើន​​ពួកគេ​ជា​ទាសី ទា​សា ។ ក្នុង​សង្គម​ចាម ស្ថិត​ក្នុង​សតវត្សរ៍​ទី​១១ គេ​ក៏​បាន​ឃើញ​វត្តមាន​របស់​ពាក្យ​ស្យាម​ដែរ ។​

​     ​ជារួម​ការស៊ើបអង្កេត​បាន​បង្ហាញឲ្យឃើញថា ជនជាតិ​សៀម ឬ​ថៃ ដែល​ដើមឡើយ​រស់នៅ​ម្ដុំ​ម៉ង​ម៉ាវ​ខាងជើង ឆៀង​ខាងកើត​នៃ​ប្រទេស​ភូមា​បច្ចុប្បន្ន​ក្នុងភូមិ​ភាគខាងត្បូង​នៃ​ប្រទេស​ ចិន មាន​ទំនាក់ទំនង​បន្ដិចបន្ដួច​ជាមួយ​ខ្មែរ នៅ​រវាង​សតវត្សរ៍​ទី​៦ និង​ទី​១២ ក្នុងឋានៈ​ជា​អ្នកបម្រើ ។ ក្នុង​ខណៈនោះ​ដែរ ពួក​អន្ដោប្រវេសន៍​ថៃ​ទាំង​នោះ​ក៏បាន ក្លាយ​ជា​អ្នកបម្រើ​ក្នុង​ជួរ​ទ័ព​ខ្មែរ ឬ​គ្រាន់តែ​ជា​ទ័ព​ស៊ីឈ្នួល​របស់​ព្រះបាទ​សុរិយា​វរ្ម័នទី​២ មុន​នឹង​មាន​ការបង្កើត​រដ្ឋ ដំបូង​គេ​នៅលើ​ទឹកដី​ខ្មែរ​នៅ​ខេត្ត​សុខោទ័យ និង​លព្វ​បុរី ។​

​    ​ក្រៅពី​ប្រទេស​កម្ពុជា និង​ចម្ប៉ា គេ​ឃើញ​នៅ​មាន​ពាក្យ​សៀម​(​ស្យា​ម​) ក្នុង​ប្រទស​ភូមា​បច្ចុប្បន្នដែរ ។
    ក្រៅ​ពី​ប្រភព​នៃ​ពាក្យ​សៀម​/​សាន ដែល​សំដៅ​ជនជាតិ​ថៃ​នេះ នៅ​មាន​បញ្ហា​ពាក់ព័ន្ធ​ទៅ​នឹង​អត្ថន័យរ​បស់ពាក្យ​នេះ ដែល​គេ​ត្រូវតែ​ធ្វើ​ការស្រាវជ្រាវ ដើម្បី​ប្រមូល​នូវ​ទិន្នន័យ​ឲ្យបាន​គ្រប់គ្រាន់​សម្រាប់ជា​មូលដ្ឋា​ន​គ្រឹះ​ក្នុងការ​ពន្យល់ ។​
​    ​​ន័យរ​បស់ពាក្យ​សៀម​/​ស្យា​ម ជា​ប្រធានបទ​សំខាន់​ណាស់​។ មាន​មធ្យោបាយ​មួយ ដើម្បីឲ្យគេ​យល់ពា​ក្យ​នេះ​បាន គឺ​ការពិនិត្យ​វចនានុក្រម​សំស្ក្រឹត​-​បារាំង​របស់​លោ​កនិត​និង​រើ​នូ ។ ការពិនិត្យ​ដិតដល់​បានឲ្យដឹងថា ពាក្យ​សៀម​/​ស្យា​ម អាច​យក​ពី​ពាក្យ​សំស្ក្រឹត ‹​ស្យា​ម​›  ដែល​មានន័យថា ខ្មៅ សម្បុរ​សណ្ដែកបាយ ដែល​ជា​លក្ខណៈ​សម្បតិ្ដមួ​យ ។ តែ​នៅ​ទីនេះ​ពាក្យ​នេះ គឺ​មិន​សំដៅ​ជនជាតិ​មាន​សម្បុរ​ខ្មៅ​ដូច​មនុស្ស​ព្រៃ ដែល​រស់​ក្នុង​តំបន់​ខ្ពង់រាប និង​ភាគ​កណ្ដាល​នៃ​ប្រទេស​ថៃ​បច្ចុប្បន្ន​ទេ ។ បន្ទាប់​មក​ពាក្យ​សៀម​/​ស្យាម​នេះ ក៏​ត្រូវ​គេ​ហៅ ដើម្បី​សំដៅ​ជនជាតិ​ថៃ​ផ្ទាល់​តែម្ដង ដែល​បាន​មក​តាំង​លំនៅស្ថាន​ក្នុង​តំបន់​នេះ ហើយ​ក៏​មក​ត្រួតត្រា​ខ្មែរ​ម្ចាស់​ស្រុក ។​

​    ​តាមពិត​ពាក្យ​សៀម​/​ស្យា​ម មិនមែន​មាន​អត្ថន័យ​ខ្មៅ​កខ្វក់​នោះទេ ។ដូច​វត្ត​មានរ​បស់ពាក្យ ‹​ព​ញ​› ដែរ ​ពាក្យ សៀម​/​ស្យា​ម ម្រតា​ញ ​គឺជា​គោរ​ម្យ​ងារ ហើយ​រហូត​ដល់​ដើម​សតវត្សរ៍​ទី​២០ ខ្មែរ​យើង​នៅ​ខេត្ត​បាត់ដំបង ពួកគាត់​ហៅ​ថៃ​ថា ‹​អ្នក​សៀម​›  ក្នុង​ន័យ​ថា​មនុស្ស​សៀម ។​
​    ​តាម​ការស្រាវជ្រាវ​ខាង​លើ គេ​អាច​និយាយបាន​ថា ពាក្យ​សៀម​/​ស្យា​ម ឬ​សៀន ក្នុង​បរិបទ​វប្បធម៌​បុរេ​អង្គរ មិន​សំដៅ​ជនជាតិ​ថៃ នៃ​ប្រទេស​ថៃ​សព្វ​ថ្ងៃ​នោះ​ទេ ពី​ព្រោះ​ជនជាតិ​ថៃ​មិន​ទាន់​មកកាន់​ឥណ្ឌូចិន ឲ្យបាន​ក្រាស់ក្រែល​នៅឡើយ ខុស​ពី​សតវត្សរ៍​ទី​១២ ដែល​ពាក្យ​ស្យាម​នេះ ពិតជា​សំដៅ​ឈ្មោះ​ជនជាតិ​សៀម នៅ​ខេត្ត​សុខោទ័យ និង​លព្វ​បុរី​មែន ។ តែ​ទោះជា​យ៉ាងណាក៏ដោយ ក៏​ពាក្យ​សៀម​/​ស្យាម​នេះ ពិតជា​កើត​ចេញពី​ពាក្យ កូ​សាំ​ពី​ដែរ ដែល​ត្រូវបាន​គេ​បំព្រួញ​ទៅ​ឃើញ​ក្រោមរូបភាព នៃ​ស័ព្ទ​ស្យា​ម​/​សៀម ក្នុង​ភាសា​ខ្មែរ ។ ស្យា​ម ក្នុង​ភាសា​ចាម និង​ស្យាម​/​ស្សាំ​ក្នុង​ភាសា​ភូមា​បុរាណ គឺ​ពាក្យ​នេះ​ហើយ​ដែល​បាន​ឲ្យ​កំណើត ឲ្យ​ជាតិពន្ធុ​នាម ឆាន សាន​ផង និង​សៀម​/​ស្យាម​ផង ។​

​    ​ដូច្នេះ​វត្តមាន​របស់​ពាក្យ​សៀម ក្នុង​ភូមិភាគ​ឥណ្ឌូចិន គឺជា​សញ្ញា​នៃ​ការ​ចែកចាយ ឬ​ការជម្លៀស​ខ្លួន​របស់​ជនជាតិ​ថៃ ក្នុង​តំបន់​យ៉ាង​ប្រាកដ ។ តាមពិតទៅ ពាក្យ​សៀម​នេះ​មិនមែន​កើតចេញ​ពី​សំស្ក្រឹត​នោះទេ ក៏​ប៉ុន្ដែ​ពិត​ជា​បានមក​ពី​ពាក្យ​(​កូ​) សាំ​(​ពី​) ឬ​កូ​សានពី ដែល​ជា​ស័ព្ទ​ជនជាតិ​ភូមា​នៃ​ទីក្រុង​អា​វា និង​ភូមិភាគ​ខាងជើង​ឆៀង​ខាងកើត​នៃ​ប្រទេស​ភូមា ហៅ​រដ្ឋ​ថៃ​(​ពួក​សាន​) ដែល​មាន​មជ្ឈមណ្ឌល​ដ៏​ធំ​មួយ​គឺ​ម៉ង​ម៉ាវ ។ ហើយ​ពាក្យ​កូ​សាំ​ពី​នោះ​មក​ត្រូវបាន​កត់ត្រា ក្នុង​ព្រះ​រាជពង្សាវតារ នៃ​សន្ដតិវង្ស​តាំងពី ៦១៨-៩០៦ មកម្ល៉េះ ។​

​    ​ពាក្យ​ខាងលើនេះ​ត្រូវ​បាន​ខ្ចី​ពី​ពាក្យ​កៅ​សាម​ពី ភាសាសំស្ក្រឹត​នៃ​ប្រទេស​ឥណ្ឌា ដែល​ជា​ឈ្មោះ​ទីក្រុង​ដ៏​ល្បីល្បាញ​មួយ ដែល​ព្រះ​ពុទ្ធអង្គ​ទ្រង់​បាន​ប្រទាន​នូវ​ធម្មទេសនា​ដំបូងបង្អស់ ។ ដូច្នេះហើយ បាន​ជា​ជនជាតិ​ភូមា​បាន​យក​ឈ្មោះ​នៃ​ទីក្រុង​ឥណ្ឌា​នេះ​មក​តាំង​រដ្ឋ​សាន​/​ ស្សាន របស់​ជនជាតិ​ថៃ​នៅ​ភូមា ។ ហើយ​ពាក្យ​កូ​សាំ​ពី ឬ​កូសាម​ពីនេះ មានន័យ​ថា រដ្ឋ​សាន​/​ស្សាន ទាំង ៧​ក្នុង​ភាសា​ភូមា ។ ដូច្នេះ​ពាក្យ​សាន​/ស្សាន និង​ស្យាម ដែល​ជា​ពាក្យ​បំព្រួញ​មានប្រភព​ចេញពី​ពាក្យ​កូ​សានពី ឬ​កោ​សាំ​ពី សម្រាប់​សម្គាល់​ជនជាតិ​ថៃ ចាប់តាំងពី​សតវត្សរ៍​ទី​១២-១៣​មក ។​

​    ​ដូច្នេះ​សរុបសេចក្ដី​មក ចំណុច​សំខាន់​ទាំង​ប៉ុន្មាន ដែល​ទើបតែ​អធិប្បាយ​ខាងលើ គឺជា​លទ្ធផល​នៃ​ការស្រាវជ្រាវ​ថី្ម​របស់លោក ហ្វែក​លូស ពី​ដើម​កំណើត​នៃ​ពាក្យ​សៀម ឬ​ថៃ ដែល​មិន​ខ្វែងគំនិត​នឹង​យើង​ឡើយ ។ ប៉ុន្ដែ​ដើម្បី​បំពេញ​នូវ​ព័ត៌មាន​ជុំវិញ​បញ្ហា​នេះ គប្បី​ត្រូវ​ជ្រាបថា ប្រជាជន​សៀម ដែល​រស់នៅ​យ៉ាង​កុះករ​នៅ​ប្រទេស​យៀកណាម​ខាងជើង​សព្វថ្ងៃនេះ ត្រូវបាន​ជនជាតិ​វៀត ឬ​យួន ហៅថា ថា​យ ឬ​ថៃ នេះ​គឺជា​ភស្តុតាង​ផ្សេង​មួយ ក្នុងការ​សម្គាល់​ប្រភព​នៃ​ពាក្យ​សៀម ឬ​ថៃ​ដែរ ។​
​    ​ខាងលើនេះ គឺជា​លក្ខណៈ​សម្គាល់​ដ៏​ពិសេស​របស់​ប្រជាជន​សៀម ឬ​ថៃ ហើយ​អ្វីៗ​ទាំងអស់​សុទ្ធសឹងតែ​មាន​មូលហេតុ​របស់​វា ។ ដូច្នេះ​មិនមែន​ដូច​អ្នក​ស្រាវជ្រាវ​ខ្លះ​អះអាង​នោះ​ទេ ជនជាតិ​សៀម ឬ​ថៃ គឺ​ជនជាតិ​មួយ​ធំ​ក៏​មែនពិត តែ​ជា​អន្ដោប្រវេសន៍​ដែល​បាន​ដណ្ដើម​ទឹក​ដី​ពី​ជនជាតិ​ខ្មែរ​ដើម ចាប់តាំងពី​ចុង​សតវត្សរ៍​ទី​១៣ ពោល​គឺ​ខ្មែរ និង​មន​ជា​ម្ចាស់​ស្រុក ដែល​ស្ថិត​ក្នុង​អម្បូរ​តែមួយ​(​មន​-​ខ្មែរ​) ទាំង​ពូជសាសន៍ ទាំង​ភាសា ៕F
(​ម​.​ត្រា​ណេ​)

Monday, April 23, 2012

Tuesday, April 10, 2012

ជោគជតារាសីឆ្នាំថ្មី ឆ្នាំរោង

ថ្ងៃទី 9 មេសា 2012
ដោយ: CEN
ភ្នំពេញ:

* លោកអ្នក​កើត​ឆ្នាំជូត
​បើជា​មនុស្ស​ប្រុស​ទំនាយ​ថា ក្នុងឆ្នាំនេះ ជា​ឆ្នាំ​ដែល​ជោគ​លាភ​មុខជា​នឹង​ដល់​លោកអ្នក ហើយ​បើ​លោកអ្នក​ចង់​ធ្វើ​អ្វី នឹង​បានសម្រេច​ជា​ដរាប មិត្តភក្ដិ ឬ​ចៅហ្វាយនាយ ជាធំ ប្រុង​ទំនុកបម្រុង​ដល់​អ្នក តែ​ថា​រឿង​ដែល​អ្នក​ត្រូវ​ប្រិតប្រៀង​ខ្លួន​ជានិច្ច គឺ​កុំ​បេះបួយ​រឿង​ពី​ឯនេះ​ទៅ​និន្ទា​ឱ្យ​អ្នក​ឯនោះ​ដឹងឮ បើ​អ្នក​បាន​តម​ប្រាកដ​ក្នុង​ហេតុភេទ​បែបនេះ ឈ្មោះថា​ខ្លួន​អ្នក​បាន​ដោះស្រាយ ពី​ការបែកបាក់​រវាង​មេត្រីភាព​។​
​បើជា​មនុស្ស​ស្រី​ទំនាយ​ថា ក្នុងឆ្នាំនេះ អ្នក​តោង​កែកុន​ប្រើ​សេចក្ដី​ពិនិត្យពិច័យ​ឱ្យបាន​ល្អិតល្អន់​បន្ដិច សូម្បីតែ​អ្នក​ដែល​ធ្លាប់​រាប់រក​អ្នក​យ៉ាងណាក៏ដោយ ឬ​អ្នកធ្វើការងារ​រួម​នឹង​គេ អ្នក​កុំ​សង្ឃឹម​ឡើយ​ថា​នឹង​បាន​កម្រៃ​ផល​ពី​វង់ការ​បែប​នោះ​ឱ្យសោះ ពុំនោះ​នឹង​បណ្ដាលហេតុ​ពី​ក្រុមគ្រួសារ​មាន​ភ័យព្រួយ ឈឺ​ថ្កាត់ ឬក៏​មានរឿង​ទំនាស់​ពី​មនុស្ស​បម្រើការ​ក្នុង​លំនៅដ្ឋាន​។ ជតារាសី​អ្នក​ក្នុងឆ្នាំនេះ​មិន​ប្រសើរ​ទេ ជា​គ្រោះ​កម្ម​កាច​សាហាវ​ណាស់ ការងារ​ប្រចាំជីវិត​របស់​អ្នក ឬ​សេចក្ដី​ស្និទ្ធស្នាល​របស់លោក​អ្នក នឹង​ផ្ដល់​ផល​ជា​អាសារ​ឥត​ការ​ដល់​អ្នក​វិញ បើ​អ្នក​ចង់​បន្ធូរបន្ថយ​ការ​អាប់​បែបនេះ អ្នក​ត្រូវ​ខំ​ខ្នះខ្នែង​ដោយ​ប្រើ​សេចក្ដី​ឆ្លៀវឆ្លាត និង​សេចក្ដី​អង់​អាចឱ្យ​គ្រប់​កម្លាំង ទើប​អ្នក​បាន​ប្រាសចាក​វិបត្តិ​ទាំងនេះ​ទៅ​ខ្លះ​។​
* លោកអ្នក​កើត​ឆ្នាំឆ្លូវ​
​បើជា​មនុស្ស​ប្រុស​ទំនាយ​ថា ក្នុងឆ្នាំនេះ ជា​ឆ្នាំ​សម្រេច​លាភ​ផល​ជូន​ដល់​កណ្ដាប់ដៃ​យើង​ហើយ ទោះ​សត្រូវ​កាច​ប៉ុនប៉ង​ប្រទូស្ដ​រ៉ា​យ​យ៉ាងណាក៏ដោយ ខ្លួន​អ្នក​ត្រូវបាន​ជោគជ័យ​គ្រប់ប្រការ ហើយនឹង​បានទទួល​ការលើកតម្កើង​ពី​មនុស្ស​ទូទៅ ប្រសិនបើ​អ្នក​បាន​រៀប​មង្គលការ​ក្នុងឆ្នាំនេះ​រាប់​ថា​ល្អ​ផ្ដាច់​ហើយ ប៉ុន្ដែ​ឧបសគ្គ​របស់​អ្នក​ក៏​មិន​សោះសូន្យ​ដែរ ចំពោះ​ក្រុម​ញាតិ​ព​ន្ធុ​នឹង​ផ្ដល់​សេចក្ដី​រំខាន​ដល់​អ្នកខ្លះៗ​ក្នុង​រយៈ​ ឆ្នាំនេះ​។​
​បើជា​មនុស្ស​ស្រី​ទំនាយ​ថា ក្នុងឆ្នាំនេះ អ្នកនឹង​បាន​មុខ​ការងារ​ធ្វើជា​លក្ខណ​ដ្ឋា​ន បើសិនជា​ការរៀបចំម​ង្គ​ល​ការ​ផ្ទាល់ខ្លួន មុខជា​បានសម្រេច​ដូច​សេចក្ដីប្រាថ្នា ជួប​លាភ​ផល​យ៉ាង​បន្ទាន់ តែបើ​ទោះជា​យ៉ាងនោះ​ក៏ដោយ ក៏​គង់តែ​នៅមាន​មនុស្ស​ឬ​ស្យា​ចំពោះ​លទ្ធផល​របស់​អ្នកជា​និច្ច នៅក្នុង​រឿងនេះ​អ្នក​កុំ​គប្បី​ខ្លាច​ឱ្យសោះ ព្រោះ​មាន​គេ​រង់ចាំ​ជួយ​ឈឺឆ្អាល​អ្នក​ពេញទំហឹង​។ ចូរ​អ្នក​ប្រយ័ត្ន​មនុស្ស​មានទុក្ខ​ទោស​គ្រប​សង្កត់​ណាមួយ មក​បញ្ចុះបញ្ចូល​បញ្ជោរ​លើកជើង​អ្នក ឱ្យចូល​រួមការ​ងារ​ជាមួយ​គេ ទោះបី​ការងារ​នោះ​មាន​សភាព​យ៉ាងណាក៏ដោយ សុទ្ធតែ​មិន​បរិសុទ្ធ​ទាំងអស់​។ មិនគួរ​លីសែង​រែកពុន​លើកដាក់​របស់​ធ្ងន់ៗ​ពេក​ទេ ក្រែង​ថ្លោះ ឬ​គ្រេច​ឆ្អឹងខ្នង​។​
* លោកអ្នក​កើត​ឆ្នាំខាល​
​បើជា​មនុស្ស​ប្រុស​ទំនាយ​ថា ក្នុងឆ្នាំនេះ អ្នកនឹង​មានចិត្ត​ខ្វល់ខ្វាយ​ច្រើន​អនេក មិត្ត​ភ​កិ្ត​ជាទី​ស្រឡាញ់ ឬ​ញាតិសន្ដាន​ដែលមាន​គុណបំណាច់​លើ​រូបអ្នក​ត្រូវ​និរាស​គ្នា មិនតែប៉ុណ្ណោះ​អ្នក​ត្រូវ​ខូចខាត​ផលប្រយោជន៍​ខ្លះ​ទៀតផង តែ​អ្នក​មិនត្រូវ​រង​ទុក្ខ​ក្ដៅ​ពេក​ទេ ព្រោះ​មាន​គេ​ចាំ​ជួយឧបត្ថម្ភ​គាំទ្រ​ឱ្យ​អ្នក​បាន​សេចក្ដីសុខសាន្ដ បើទុកជា​មាន​ឧបសគ្គ​ក្នុង​ការងារ​អ្នកខ្លះ ក៏​គង់​នឹង​សាបរលាប​ទៅវិញ​បាន ដោយសារ​ពេលនេះ​អ្នកមាន​មិត្តភក្ដិ បាន​ជួយ​ទប់ទល់​យ៉ាង​ស្វិតស្វាញ ជួនកាល​ឆ្នាំនេះ​អ្នក​ត្រូវ​រុះរើ​ផ្ទះសម្បែង ជួសជុល ឬក៏​ត្រូវធ្វើ​ថ្មី​ផង​។​
​បើជា​មនុស្ស​ស្រី​ទំនាយ​ថា ក្នុងឆ្នាំនេះ អ្នក​នឹងមាន​គ្រោះអាសន្ន​អាក្រក់​ណាស់ ដួង​ជតា​ត្រូវ​ខាតបង់ ឬ​ត្រូវ​មានធុរៈ​ជំងឺ​ឈឺ​ថ្កាត់ ប៉ុន្ដែ​អ្នក​ត្រូវបាន​មិត្តភក្ដិ​ស្និទ្ធស្នាល​ជួយ​ឈឺឆ្អាល​យ៉ាង​ពេញទំហឹង​ ។ បើ​អ្នក​ចង់​ធ្វើ​អ្វី​ត្រូវ​ពិចារណា​មុខក្រោយ​ឱ្យបាន​ល្អិតល្អន់​មែនទែន បើកាលណា​ភ្លាត់​ការ អ្នក​មុខជា​ត្រូវ​រង​អំពើ​សង្កត់សង្កិន​យ៉ាង​គួរឱ្យ​ធរមាន​ចិត្ត ចូរ​កុំ​គប្បី​បញ្ចេញ​ឈ្មោះ​បោះ​សំឡេង ជា​ត្លុក​កំប្លែង​លលេង​ជាមួយ​គេ​ញយៗ​ពេក ចូរ​ខំ​បំពេញ​ខ្លួន​ឱ្យគេ​ឃើញថា​យើង​ជា​មនុស្ស​មាន​របៀប និង​សុភាព​រៀបរយ ចូរ​ធ្វើ​សេចក្ដី​ល្អ​តបត​ជាមួយ​សត្រូវ ទើប​គ្រោះ​របស់​អ្នកនឹង​ត្រូវ​បន្ទោ​របង់​បន្ធូរបន្ថយ​ទៅបាន​ខ្លះ ហើយ​ពេល​ក្រោយ​មាន​គេ​ជួយ​ឱ្យបាន​ទ្រព្យ នឹង​បាន​ស្ដុកស្ដម្ភ​។​
* លោកអ្នក​កើត​ឆ្នាំថោះ​
​បើជា​មនុស្ស​ប្រុស​ទំនាយ​ថា ក្នុងឆ្នាំនេះ ជា​ឆ្នាំ​ដែល​អ្នក​មិនសូវ​រីករាយ​សោះឡើយ មិត្តភក្ដិ​របស់​អ្នក ឬ​មនុស្ស​ធ្វើការ​ជាមួយ​អ្នក គេ​ជា​មនុ​ស្សអាប់​ជោគ​ថោក​រាសី មក​ដឹកនាំ​អ្នក​ឱ្យ​ខូ​ត​ខាត​ទុន​ក្នុង​រយៈ​ឆ្នាំនេះ អ្នក​មិនគួរ​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​ពេក​ទេ សូម្បីតែ​បើកហាង​លក់ដូរ​ឥ​វ៉ាន់​ថ្មី ឬ​ប្រកប​ការ​យ៉ាងណាក៏ដោយ អ្នក​កុំ​ធ្វេសប្រហែស​ឱ្យសោះ ហើយ​មិនគួរ​ពឹង​ឱ្យគេ​ជួយ​ទុក្ខ​ធុរៈ​ខ្លួន​ជាដាច់ខាត​។ ទោះបីជា​យ៉ាងនេះ​ក៏ដោយ អ្នក​គង់​បានសម្រេច​ផល​ខ្លះ​ក្នុង​ការដែល​អ្នក​បាន​ខិតខំ​តាំងចិត្ត​ទុក​ យ៉ាង​ប្ដូរផ្ដាច់​។​
​បើជា​មនុស្ស​ស្រី​ទំនាយ​ថា ឆ្នាំនេះ ជា​ឆ្នាំ​ដែល​អ្នក​ត្រូវ​ឃា្ល​ត​ពី​កន្លែង បើសិនជា​មិន​ដូច្នោះ​ទេ​អ្នក​មុខជា​ត្រូវ​នឿយណាយ​ធុញទ្រាន់​នឹង​កន្លែងចាស់ ឬ​ត្រូវ​ផ្លាស់ប្ដូរ​ទីលំនៅ​ផង​ក៏មាន ពុំនោះសោត នាទី​ការពារ​របស់​អ្នកនឹង​ត្រូវ​រុះរើ​ជាថ្មី បើ​មានការ​លក់ដូរ​ជំនួញ​ជួញ​ប្រែជា​អាជីព ការ​នេះ​នឹង​បណ្ដាល​ជាហេតុ​ឱ្យមាន​សេចក្ដី​តឹង​ចង្អៀត​ខ្លះៗ​។ តំណ​ទៅ​ពេលខាងមុខ ក្នុងឆ្នាំនេះ អ្នក​នឹងមាន​ស្កៀបរមាស់​រង្គោះរង្គើ​ដល់​ក្រុមហ៊ុន បើ​មាន​ជើង​ឈ្នួល​ក្នុងបន្ទុក វា​នឹងធ្វើ​មោះមិនគាប់​ឱ្យ​អ្នកមាន​សេចក្ដី​មួហ្មង​រឿយៗ​។ មួយវិញទៀត ញាតិ​ព​ន្ធុ ឬ​មិត្តភក្ដិ​នឹង​កើតជា​ក្ដី​រង្កៀស​ឬ​ស្យា​ដល់​អ្នក ដោយ​បំពាន​លើ​ផល​ល្អ សេចក្ដីចម្រើន​របស់​អ្នក ហេតុការណ៍​ទាំងអស់នេះ អ្នក​កុំ​ភ្លេច​ស្មារតី​ឱ្យសោះ បើ​យ៉ាងហោចណាស់​ក៏​នឹងមាន​វ​ប​ត្តិ​ឈឺ​ថ្កាត់​មិនខានឡើយ​។
* លោកអ្នក​កើត​ឆ្នាំរោង​
​បើជា​មនុស្ស​ប្រុស​ទំនាយ​ថា ក្នុងឆ្នាំនេះ អ្នក​មិនសូវ​បាន​ស្រួលបួល​ទេ គឺថា​អ្នក​ត្រូវតែ​ជួបប្រទះ​នឹង​ឧបសគ្គ​ជា​ញឹកញាប់​ក្នុង​ដំណើរការ​ធម្មតា​ របស់​អ្នក ប៉ុន្ដែ​អ្នក​ត្រូវ​ខំ​តាំងចិត្ត​ពុះពារ និង​ប្រឹង​រម្ងាប់​ចិត្ត​ទប់ទល់​នឹង​អធិករណ៍​ឱ្យ​មែនទែន ហើយ​គួរ​តាំងចិត្ត​ធ្វើការ​ងារ ឬ​កិច្ចការ​ណា​ដោយ​សេចក្ដី​ឧស្សាហ៍ និង​ស្វាហាប់ ចុង​បំផុត​អ្នក​ខំ​បំពេញ​ឱ្យបាន​អង់អាច​ជានិច្ច​។ បើ​អ្នកធ្វើ​យ៉ាងនេះ​បាន ទើប​អ្នក​បាន​ជោគជ័យ​គ្រាន់បើ​ឡើងវិញ ក្នុង​រវាង​ឆ្នាំនេះ​។​
​បើជា​មនុស្ស​ប្រុស​ទំនាយ​ថា ក្នុងឆ្នាំនេះ នឹងមាន​ផល​ល្អប្រសើរ​ណាស់ បាន​លាភ​ធំ តែ​មុននឹង​កើត​លាភ​ផល​ត្រូវ​បាត់បង់​ទ្រព្យ​របស់​ជាមុនសិន ហេតុនេះ​ត្រូវ​ប្រុងប្រយ័ត្ន​ខ្លួន​បន្ដិច ពី​បញ្ហា​ចោរកម្ម​វា​ប៉ង​ទុក បន្ទាប់ពីនោះ​ទៅ​អ្នក​ត្រូវ​បានទទួល​មុខតំណែង​ថ្មី មាន​នាទី​ទទួលខុសត្រូវ​ខ្ពស់ ឯ​លាភ​ជោគ​ដែល​អ្នក​ត្រូវបាន​នោះ នឹង​បានមកពី​ទី​ឆ្ងាយ តែ​ត្រូវ​ខំ​រក្សា​កាយ​ឱ្យ​ល្អ​ក្រែង​មាន​ជំងឺ​តម្កាត់​ខ្លះ​ផង ព្រោះ​ជា​ឆ្នាំ​ដែល​ហៅថា “​ទុក្ខ​លាភ​” បាន​ទុក្ខ​ហើយ​ទើប​មាន​លាភ​មក​តាម​ក្រោយ​។​
* លោកអ្នក​កើត​ឆ្នាំម្សាញ់​
​បើជា​មនុស្ស​ប្រុស​ទំនាយ​ថា ក្នុងឆ្នាំនេះ នឹងមាន​ផល​ល្អប្រសើរ​ណាស់ បាន​លាភ​ធំ តែ​មុននឹង​កើត​លាភ​ផល​ត្រូវ​បាត់បង់​ទ្រព្យ​របស់​ជាមុនសិន ហេតុនេះ​ត្រូវ​ប្រុងប្រយ័ត្ន​ខ្លួន​បន្ដិច ពី​បញ្ហា​ចោរកម្ម​វា​ប៉ង​ទុក បន្ទាប់ពីនោះ​ទៅ​អ្នក​ត្រូវ​បានទទួល​មុខតំណែង​ថ្មី មាន​នាទី​ទទួលខុសត្រូវ​ខ្ពស់ ឯ​ជោគ​លាភ​ដែល​អ្នក​ត្រូវបាន​នោះ នឹង​បានមកពី​ទី​ឆ្ងាយ តែ​ត្រូវ​ខំ​រក្សា​កាយ​ឱ្យ​ល្អ​ក្រែង​មាន​ជំងឺ​តម្កាត់​ខ្លះ​ផង ព្រោះ​ជា​ឆ្នាំ​ដែល​ហៅថា “​ទុក្ខ​លាភ​” បាន​ទុក្ខ​ហើយ​ទើប​មាន​លាភ​មក​តាម​ក្រោយ​។​
​បើជា​មនុស្ស​ស្រី​ទំនាយ​ថា ក្នុងឆ្នាំនេះ អ្នក​មិនសូវ​ស្រួលបួល​ទេ គឺថា​អ្នក​ត្រូវ​ជួបប្រទះ​នឹង​ឧបសគ្គ​ជា​ញឹកញយ​ក្នុង​ដំណើរការ​ធម្មតា​របស់​ អ្នក ប៉ុន្ដែ​អ្នក​ត្រូវ​ខំ​តាំងចិត្ត​ពុះពារ និង​ប្រឹង​រម្ងាប់​ចិត្ត​ទប់ទល់​នឹង​អធិករណ៍​ឱ្យ​មែនទែន ហើយ​គួរ​តាំងចិត្ត​ធ្វើការ​ងារ ឬ​កិច្ចការ​ណា​ដោយ​សេចក្ដី​ឧស្សាហ៍ និង​ស្វាហាប់ ចុង​បំផុត​អ្នក​ខំ​បំពេញ​ឱ្យបាន​អង់អាច​ជានិច្ច​។ បើ​អ្នកធ្វើ​យ៉ាងនេះ​បាន ទើប​អ្នក​បាន​ជោគជ័យ​គ្រាន់បើ​ឡើងវិញ ក្នុង​រវាង​ឆ្នាំនេះ​។​
* លោកអ្នក​កើត​ឆ្នាំមមី​
​បើជា​មនុស្ស​ប្រុស​ទំនាយ​ថា ឆ្នាំនេះ ជា​ឆ្នាំ​ដែល​អ្នក​ត្រូវ​ឃា្ល​ត​ពី​ទីកន្លែង បើសិនជា​មិន​ដូច្នោះ​ទេ​អ្នក​មុខជា​ត្រូវ​នឿយណាយ​ធុញទ្រាន់​នឹង​កន្លែងចាស់ ឬ​ត្រូវ​ផ្លាស់ប្តូរ​ទីលំនៅ​ផង​ក៏មាន ពុំនោះសោត នាទី​ការពារ​របស់​អ្នកនឹង​ត្រូវ​រុះរើ​ជាថ្មី បើ​មានការ​លក់ដូរ​ជំនួញ​ជួញ​ប្រែជា​អាជីព ការ​នេះ​នឹង​បណ្ដាល​ជាហេតុ​ឱ្យមាន​សេចក្ដី​តឹង​ចង្អៀត​ខ្លះៗ​។ តំណ​ទៅ​ពេលខាងមុខ ក្នុងឆ្នាំនេះ អ្នក​នឹងមាន​ស្កៀបរមាស់​រង្គោះរង្គើ​ដល់​ក្រុមហ៊ុន បើ​មាន​ជើង​ឈ្នួល​ក្នុងបន្ទុក វា​នឹងធ្វើ​មោះមិនគាប់​ឱ្យ​អ្នកមាន​សេចក្ដី​មួហ្មង​រឿយៗ មួយវិញទៀត ញាតិ​ព​ន្ធុ ឬ​មិត្តភក្ដិ​នឹង​កើតជា​ក្ដី​រង្កៀស​ឬ​ស្យា​ដល់​អ្នក ដោយ​បំពាន​លើ​ផល​ល្អ​សេចក្ដីចម្រើន​របស់​អ្នក ហេតុការណ៍​ទាំងអស់នេះ​អ្នក​កុំ​ភ្លេច​ស្មារតី​ឱ្យសោះ បើ​យ៉ាងហោចណាស់​ក៏​នឹងមាន​វ​ប​ត្តិ​ឈឺ​ថ្កាត់​មិនខានឡើយ​។
​បើជា​មនុស្ស​ស្រី​ទំនាយ​ថា ក្នុងឆ្នាំនេះ ជា​ឆ្នាំ​ដែល​អ្នក​មិនសូវ​រីករាយ​សោះឡើយ មិត្តភក្ដិ​របស់​អ្នក ឬ​មនុស្ស​ធ្វើការ​ជាមួយ​អ្នក គេ​ជា​មនុ​ស្សអាប់​ជោគ​ថោក​រាសី មក​ដឹកនាំ​អ្នក​ឱ្យ​ខូ​ត​ខាត​ទុន​ក្នុង​រយៈ​ឆ្នាំនេះ អ្នក​មិនគួរ​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​ពេក​ទេ សូម្បីតែ​បើកហាង​លក់ដូរ​ឥ​វ៉ាន់​ថ្មី ឬ​ប្រកប​ការ​យ៉ាងណាក៏ដោយ អ្នក​កុំ​ធ្វេសប្រហែស​ឱ្យសោះ ហើយ​មិនគួរ​ពឹង​ឱ្យគេ​ជួយ​ទុក្ខ​ធុរៈ​ខ្លួន​ជាដាច់ខាត​។ ទោះបីជា​យ៉ាងនេះ​ក៏ដោយ អ្នក​គង់​បានសម្រេច​ផល​ខ្លះ​ក្នុង​ការដែល​អ្នក​បាន​ខិតខំ​តាំងចិត្ត​ទុក​ យ៉ាង​ប្ដូរផ្ដាច់​។​
* លោកអ្នក​កើត​ឆ្នាំមមែ​
​បើជា​មនុស្ស​ប្រុស​ទំនាយ​ថា ឆ្នាំនេះ ជា​ឆ្នាំ​ដែល​លោក​អ្នកមាន​សេចក្ដីសុខ​សម្រាន្ដ​យ៉ាង​លើសលុប ហើយ​បាន​គាប់ចិត្ត​គ្រប់យ៉ាង មាន​គេ​នាំ​កំណល់​រង្វាន់​មកឱ្យ​ដល់ទី​កន្លែង ក្នុងឆ្នាំនេះ​ជោគ​រាសី​របស់​អ្នក​ល្អជា​ទីបំផុត បើ​អ្នក​មានបំណង​ធ្វើ​អ្វី​មុខជា​បានសម្រេច​ផល​យ៉ាង​មែនពិត​។ ប៉ុន្ដែ​ថា អ្នក​កុំ​ផ្ដេកផ្ដួល​នឹង​ការ​ឈឺឆ្អាល​ពី​គេ​ឯទៀត​ខ្លាំងពេក នៅក្នុង​រឿង​រាប់អាន​ស្រឡាញ់​ទុកចិត្ត គួរតែ​ប្រយ័ត្ន​ឱ្យ​មែនទែន ហើយ​ខំ​ស្ទាបស្ទង់​បន្ដិច​ផង បើសិនជា​វារ​មិន​ផុត​។ បើ​ចៀស​ផុតពី​ការ​នេះ​បាន នៅក្នុង​បន្ទុក​ក្រុមគ្រួសារ​មាន​សេចក្ដីសុខ​យ៉ាង​ក្រៃលែង​។​
​បើជា​មនុស្ស​ស្រី​ទំនាយ​ថា ក្នុងឆ្នាំនេះ អ្នកនឹង​មានចិត្ត​ខ្វល់ខ្វាយ​ច្រើន​អនេក មិត្តភក្ដិ​ជាទី​ស្រឡាញ់ ឬ​ញាតិសន្ដាន​ដែលមាន​គុណបំណាច់​លើ​រូបអ្នក​នឹងត្រូវ​និរាស​គ្នា មិនតែប៉ុណ្ណោះ អ្នក​ត្រូវ​ខូចខាត​ផលប្រយោជន៍​ខ្លះ​ទៀតផង តែ​អ្នក​មិនត្រូវ​រង​ក្ដៅ​ពេក​ទេ ព្រោះ​មាន​គេ​ចាំ​ជួយឧបត្ថម្ភ​គាំទ្រ​អ្នក​បាន​សេចក្ដីសុខសាន្ដ បើទុកជា​មាន​ឧបសគ្គ​ក្នុង​ការងារ​អ្នកខ្លះ ក៏​គង់​នឹង​សាប​រលាយ​ទៅវិញ​បាន ដោយសារ​ពេលនេះ​អ្នកមាន​មិត្តភក្ដិ​បាន​ជួយ​ទប់ទល់​យ៉ាង​ស្វិតស្វាញ ជួនកាល​ឆ្នាំនេះ​អ្នក​ត្រូវ​រុះរើ​ផ្ទះសម្បែង ជួសជុល ឬក៏​ត្រូវធ្វើ​ថ្មី​ផង​។​
* លោកអ្នក​កើត​ឆ្នាំវក​
​បើជា​មនុស្ស​ប្រុស​ទំនាយ​ថា ក្នុងឆ្នាំនេះ អ្នកនឹង​បាន​មុខ​ការងារ​ធ្វើជា​លក្ខណ​ដ្ឋា​ន បើសិនជា​ការរៀបចំម​ង្គ​ល​ការ​ផ្ទាល់ខ្លួន មុខជា​បានសម្រេច​ដូច​សេចក្ដីប្រាថ្នា ជួប​លាភ​ផល​យ៉ាង​បន្ទាន់ តែបើ​ទោះជា​យ៉ាងនោះ​ក៏ដោយ ក៏​គង់តែ​នៅមាន​មនុស្ស​ឬ​ស្យា​ចំពោះ​លទ្ធផល​របស់​អ្នកជា​និច្ច នៅក្នុង​រឿងនេះ​អ្នក​កុំ​គប្បី​ខ្លាច​ឱ្យសោះ ព្រោះ​មាន​គេ​រង់ចាំ​ជួយ​ឈឺឆ្អាល​អ្នក​ពេញទំហឹង​។ ចូរ​អ្នក​ប្រយ័ត្ន​មនុស្ស​មានទុក្ខ​ទោស​គ្រប​សង្កត់​ណាមួយ មក​បញ្ចុះបញ្ចូល​បញ្ជោរ​លើកជើង​អ្នក ឱ្យចូល​រួមការ​ងារ​ជាមួយ​គេ ទោះបី​ការងារ​នោះ​មាន​សភាព​យ៉ាងណាក៏ដោយ សុទ្ធតែ​មិន​បរិសុទ្ធ​ទាំងអស់​។ មិនគួរ​លីសែង​រែកពុន​លើកដាក់​របស់​ធ្ងន់ៗ​ពេក​ទេ ក្រែង​ថ្លោះ ឬ​គ្រេច​ឆ្អឹងខ្នង​។​
​បើជា​មនុស្ស​ស្រី​ទំនាយ​ថា ក្នុងឆ្នាំនេះ ជា​ឆ្នាំ​សម្រេច​លាភ​ផល​ជូន​ដល់​កណ្ដាប់ដៃ​យើង​ហើយ ទោះ​សត្រូវ​កាច​ប៉ុនប៉ង​ប្រទូស្ដ​សា​រ៉ា​យ​យ៉ាងណាក៏ដោយ ខ្លួន​អ្នក​ត្រូវបាន​ជោគជ័យ​គ្រប់ប្រការ ហើយនឹង​បានទទួល​ការលើកតម្កើង​ពី​មនុស្ស​ទូទៅ ប្រសិនបើ​អ្នក​បាន​រៀប​មង្គលការ​ក្នុងឆ្នាំនេះ​រាប់​ថា​ល្អ​ផ្ដាច់​ហើយ ប៉ុន្ដែ​ឧបសគ្គ​របស់​អ្នក​ក៏​មិន​សោះសូន្យ​ដែរ ចំពោះ​ក្រុម​ញាតិ​ព​ន្ធុ​នឹង​ផ្ដល់​សេចក្ដី​រំខាន​ដល់​អ្នកខ្លះៗ​ក្នុង​រយៈ​ ឆ្នាំនេះ​។​
* លោកអ្នក​កើត​ឆ្នាំរកា​
​បើជា​មនុស្ស​ប្រុស​ទំនាយ​ថា ក្នុងឆ្នាំនេះ អ្នក​តោង​កែកុន​ប្រើ​សេចក្ដី​ពិនិត្យពិច័យ​ឱ្យបាន​ល្អិតល្អន់​បន្ដិច សូម្បីតែ​អ្នក​ដែល​ធ្លាប់​រាប់រក​អ្នក​យ៉ាងណាក៏ដោយ ឬ​អ្នកធ្វើការងារ​រួម​នឹង​គេ អ្នក​កុំ​សង្ឃឹម​ឡើយ​ថា​នឹង​បាន​កម្រៃ​ផល​ពី​វង់ការ​បែប​នោះ​ឱ្យសោះ ពុំនោះ​នឹង​បណ្ដាលហេតុ​ពី​ក្រុមគ្រួសារ​មាន​ភ័យព្រួយ ឈឺ​ថ្កាត់ ឬក៏​មានរឿង​ទំនាស់​ពី​មនុស្ស​បម្រើការ​ក្នុង​លំនៅដ្ឋាន​។ ជតារាសី​អ្នក​ក្នុងឆ្នាំនេះ​មិន​ប្រសើរ​ទេ ជា​គ្រោះ​កម្ម​កាច​សាហាវ​ណាស់ ការងារ​ប្រចាំជីវិត​របស់​អ្នក ឬ​សេចក្ដី​ស្និទ្ធស្នាល​របស់លោក​អ្នក និង​ផ្ដល់​ផល​ជា​អាសារ​ឥត​ការ​ដល់​អ្នក​វិញ បើ​អ្នក​ចង់​បន្ធូរបន្ថយ​ការ​អាប់​បែបនេះ អ្នក​ត្រូវ​ខំ​ខ្នះខ្នែង​ដោយ​ប្រើ​សេចក្ដី​ឆ្លៀវឆ្លាត និង​សេចក្ដី​អង់​អាចឱ្យ​គ្រប់​កម្លាំង ទើប​អ្នក​បាន​ប្រាសចាក​វិបត្តិ​ទាំងនេះ​ទៅ​ខ្លះ​។​
​បើជា​មនុស្ស​ស្រី​ទំនាយ​ថា ក្នុងឆ្នាំនេះ ជា​ឆ្នាំ​ដែល​ជោគ​លាភ​មុខជា​នឹង​ដល់​លោកអ្នក ហើយ​បើ​លោកអ្នក​ចង់​ធ្វើ​អ្វី​នឹង​បានសម្រេច​ជា​ដរាប មិត្តភក្ដិ ឬ​ចៅហ្វាយនាយ ជាធំ ប្រុង​ទំនុកបម្រុង​ដល់​អ្នក តែ​ថា​រឿង​ដែល​អ្នក​ត្រូវ​ប្រិតប្រៀង​ខ្លួន​ជានិច្ច គឺ​កុំ​បេះបួយ​រឿង​ពី​ឯនេះ​ទៅ​និន្ទា​ឱ្យ​អ្នក​ឯនោះ​ដឹងឮ បើ​អ្នក​បាន​តម​ប្រាកដ​ក្នុង​ហេតុភេទ​បែបនេះ ឈ្មោះថា​ខ្លួន​អ្នក​បាន​ដោះស្រាយ​ពី​ការបែកបាក់​រវាង​មេត្រីភាព​។​
* លោកអ្នក​កើត​ឆ្នាំច​
​បើជា​មនុស្ស​ប្រុស​ទំនាយ​ថា ក្នុងឆ្នាំនេះ ការរៀប​មង្គលការ​រ​បស់​អ្នក​បាន​ផល​សម្រេច​បំណង​មែនពិត ប្រកបទៅដោយ​សេចក្ដីសុខ ប៉ុន្ដែ​អ្នក​នៅមាន​ទំនាស់​នឹង​មេបា​របស់​អ្នក​បន្ដិចបន្ដួច រួច​ពី​ហេតុភេទ​បែបនេះ​ទៅនឹង​បានល្អ​ឡើងវិញ បើ​អ្នកធ្វើការងារ​កាន់​មុខតំណែង​មានមុខ​នាទី អ្នក​ត្រូវបាន​ឡើង​តំណែង​នាទី​បន្ថែម​ជាមិនខាន​។ ការដែល​អ្នក​ត្រូវ​ប្រុងប្រយ័ត្ន​ជាទីបំផុត គឺ​ចោរកម្ម និង​អគ្គីភ័យ​បំផ្លាញ បើសិន​ជាមាន​ជំងឺ​ច្រើនតែ​ផ្ដាសាយ​។​
​បើជា​មនុស្ស​ស្រី​ទំនាយ​ថា ក្នុងឆ្នាំនេះ អ្នក​នឹងមាន​គ្រោះអាសន្ន​អាក្រក់​ណាស់ ដួង​ជតា​ត្រូវ​ខាតបង់ ឬ​ត្រូវ​មានធុរៈ​ជំងឺ​ឈឺ​ថ្កាត់ ប៉ុន្ដែ​អ្នក​ត្រូវបាន​មិត្តភក្ដិ​ស្និទ្ធស្នាល​ជួយ​ឈឺឆ្អាល​យ៉ាង​ពេញទំហឹង​ ។ បើ​អ្នក​ចង់​ធ្វើ​អ្វី​ត្រូវ​ពិចារណា​មុខក្រោយ​ឱ្យបាន​ល្អិតល្អន់​មែនទែន បើកាលណា​ភ្លាត់​ការ អ្នក​មុខជា​ត្រូវ​រង​អំពើ​សង្កត់សង្កិន​យ៉ាង​គួរឱ្យ​ធរមាន​ចិត្ត ចូរ​កុំ​គប្បី​បញ្ចេញ​ឈ្មោះ​បោះ​សំឡេង ជា​ត្លុក​កំប្លែង​លលេង​ជាមួយ​គេ​ញយៗ​ពេក ចូរ​ខំ​បំពេញ​ខ្លួន​ឱ្យគេ​ឃើញថា​យើង​ជា​មនុស្ស​មាន​របៀប និង​សុភាព​រៀបរយ ចូរ​ធ្វើ​សេចក្ដី​ល្អ​តបត​ជាមួយ​សត្រូវ ទើប​គ្រោះ​របស់​អ្នកនឹង​ត្រូវ​បន្ទោ​របង់​បន្ធូរបន្ថយ​ទៅបាន​ខ្លះ ហើយ​ពេល​ក្រោយ​មាន​គេ​ជួយ​ឱ្យបាន​ទ្រព្យ នឹង​បាន​ស្ដុកស្ដម្ភ​។​
* លោកអ្នក​កើត​ឆ្នាំកុរ​
​បើជា​មនុស្ស​ប្រុស​ទំនាយ​ថា ក្នុងឆ្នាំនេះ អ្នក​នឹងមាន​គ្រោះអាសន្ន​អាក្រក់​ណាស់ ដួង​ជតា​ត្រូវ​ខាតបង់ ឬ​ត្រូវ​មានធុរៈ​ជំងឺ​ឈឺ​ថ្កាត់ ប៉ុន្ដែ​អ្នក​ត្រូវបាន​មិត្តភក្ដិ​ស្និទ្ធស្នាល​ជួយ​ឈឺឆ្អាល​យ៉ាង​ពេញទំហឹង​ ។ បើ​អ្នក​ចង់​ធ្វើ​អ្វី​ត្រូវ​ពិចារណា​មុខក្រោយ​ឱ្យបាន​ល្អិតល្អន់​មែនទែន បើកាលណា​ភ្លាត់​ការ អ្នក​មុខជា​ត្រូវ​រង​អំពើ​សង្កត់សង្កិន​យ៉ាង​គួរឱ្យ​ធរមាន​ចិត្ត ចូរ​កុំ​គប្បី​បញ្ចេញ​ឈ្មោះ​បោះ​សំឡេង ជា​ត្លុក​កំប្លែង​លលេង​ជាមួយ​គេ​ញយៗ​ពេក ចូរ​ខំ​បំពេញ​ខ្លួន​ឱ្យគេ​ឃើញថា​យើង​ជា​មនុស្ស​មាន​របៀប និង​សុភាព​រៀបរយ ចូរ​ធ្វើ​សេចក្ដី​ល្អ​តបត​ជាមួយ​សត្រូវ ទើប​គ្រោះ​របស់​អ្នកនឹង​ត្រូវ​បន្ទោ​របង់​បន្ធូរបន្ថយ​ទៅបាន​ខ្លះ ហើយ​ពេល​ក្រោយ​មាន​គេ​ជួយ​ឱ្យបាន​ទ្រព្យ នឹង​បាន​ស្ដុកស្ដម្ភ​។​
​បើជា​មនុស្ស​ស្រី​ទំនាយ​ថា ក្នុងឆ្នាំនេះ ការរៀប​មង្គលការ​រ​បស់​អ្នក​បាន​ផល​សម្រេច​បំណង​មែនពិត ប្រកបទៅដោយ​សេចក្ដីសុខ ប៉ុន្ដែ​អ្នក​នៅមាន​ទំនាស់​នឹង​មេបា​របស់​អ្នក​បន្ដិចបន្ដួច រួច​ពី​ហេតុភេទ​បែបនេះ​ទៅនឹង​បានល្អ​ឡើងវិញ បើ​អ្នកធ្វើការងារ​កាន់​មុខតំណែង​មានមុខ​នាទី អ្នក​ត្រូវបាន​ឡើង​តំណែង​នាទី​បន្ថែម​ជាមិនខាន ការដែល​អ្នក​ត្រូវ​ប្រុងប្រយ័ត្ន​ជាទីបំផុត គឺ​ចោរកម្ម និង​អគ្គីភ័យ​បំផ្លាញ បើសិន​ជាមាន​ជំងឺ​ច្រើនតែ​ផ្ដាសាយ​៕ K​

បញ្ជុនអត្ថបទទៅបណ្ដាញផ្សេងៗ

Wednesday, February 8, 2012

មតិ​យុវវ័យ​ជុំវិញ​ថ្ងៃ​បុណ្យ​មាឃបូជា

2012-02-08
នៅ​ថ្ងៃ​១៥​កើត ខែ​មាឃ ឆ្នាំ​ថោះ ត្រីស័ក ព.ស. ២៥៥៥ ត្រូវ​និង​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០១២ នេះ គឺ​ជា​ថ្ងៃ​បុណ្យ «មាឃ​បូជា» ដែល​ជា​បុណ្យ​យ៉ាង​សំខាន់​មួយ​របស់​ព្រះ​ពុទ្ធ​សាសនា។

RFA/Keo Pech Metta
ពុទ្ធបរិស័ទ​ខ្មែរ​ចូល​រួម​ពិធី​បុណ្យ​មាឃបូជា កាល​ពី​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០១២ប្រជា​ពល​រដ្ឋ​ខ្មែរ​ពុទ្ធ​បរិស័ទ តែ​កាល​ណា​ដល់​ថ្ងៃ​១៥​កើត ពេញ​បូណ៌មី ខែ​មាឃ​ម្ដងៗ គេ​តែង​តែ​នាំ​គ្នា​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យ​តាម​ប្រពៃណី​ព្រះ​ពុទ្ធ​សាសនា ​ដ៏​ធំ​មួយ គឺ​បុណ្យ «មាឃ​បូជា»។
រី​ឯ​ទី​កន្លែង​ដែល​គេ​និយម​ធ្វើ​ពិធី​បុណ្យ​នេះ ភាគ​ច្រើន​គឺ​ធ្វើ​នៅ​ក្នុង​វត្ត​អារាម​ទូទាំង​ប្រទេស ហើយ​និង​នៅ​កន្លែង​តម្កល់​ព្រះ​បរម​សារីរិកធាតុ​របស់​ព្រះ​សម្មាសម្ពុទ្ធ​ ដែល​ស្ថិត​នៅ​លើ​កំពូល​ភ្នំ​ព្រះ​រាជ​ទ្រព្យ ឬ​ភ្នំ​អដ្ឋរស្ស ក្នុង​ស្រុក​ពញាឮ ខេត្ត​កណ្ដាល។

ការ​ប្រារព្ធ​ពិធី​បុណ្យ «មាឃ​បូជា» នៅ​ក្នុង​ឆ្នាំ​នេះ បាន​ប្រព្រឹត្ត​នៅ​ថ្ងៃ ១៥​កើត ពេញ​បូណ៌មី ខែ​មាឃ ឆ្នាំ​ថោះ ត្រីស័ក ព.ស. ២៥៥៥ ត្រូវ​គ្នា​និង​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០១២។
នៅ​ក្នុង​ពិធី​បុណ្យ​មាឃ​បូជា គេ​មាន​កម្មវិធី​ផ្សេងៗ ដូច​ជា​ធ្វើ​ពិធី​រាប់​បាត្រ​ព្រះ​សង្ឃ​ជា​ច្រើន​រយ​អង្គ និង​ដង្ហែ​ក្បួន​ប្រទក្សិណ​ដើរ​ព័ទ្ធ​ជុំវិញ​ភ្នំ​តម្កល់​ព្រះ​បរម​ សារីរិកធាតុ ឬ​ឆ្អឹង​របស់​ព្រះ​ពុទ្ធ។
រី​ឯ​នៅ​តាម​វត្ត​អារាម​នានា​វិញ គេ​ក៏​ឃើញ​មាន​ធ្វើ​កម្មវិធី​នេះ​ដែរ ពី​ព្រោះ​គេ​យល់​ថា ការ​ធ្វើ​ដូច្នោះ​គឺ​ដើម្បី​គោរព​បូជា​រំលឹក​ដល់​ព្រះ​សម្មាសម្ពុទ្ធ​ជា​ អម្ចាស់​ដែល​ទ្រង់​មាន​ព្រះ​គុណូបការៈ​ដ៏​ក្រៃលែង​ដល់​មនុស្ស​សត្វ​ទូទៅ កាល​ពី​ទ្រង់​គង់​ធរមាន​នៅ​កាល ២៥៥៥​ឆ្នាំ​មុន។
ព្រះ​តេជ​ព្រះ​គុណ ភួង សុភឿន ព្រះ​ចៅអធិការ​វត្ត​បន្ទាយ​រកា ឃុំ​ក្រាំងដីវ៉ាយ និង​ជា​ព្រះ​សមុហ៍​ធរ​ស្រុក​ភ្នំ​ស្រួច ខេត្ត​កំពង់​ស្ពឺ។ ព្រះ​អង្គ​បាន​មាន​ព្រះ​ថេរដីកា​ថា បុណ្យ «មាឃ​បូជា» ជា​បុណ្យ​មួយ​យ៉ាង​សំខាន់​របស់​ព្រះពុទ្ធ​សាសនា ហេតុ​ដូច្នោះ​ហើយ​គ្រប់​វត្ត​អារាម ដូច​ជា​វត្ត​បន្ទាយ​រកា​ជា​ដើម បើ​ទោះ​ជា​នៅ​ក្នុង​ជន​បទ​ក៏​ដោយ ក៏​នៅ​តែ​ប្រារព្ធ​ធ្វើ​មិន​ដែល​ខាន​ទេ ៖ "គឺ ​តែង​តែ​ធ្វើ​ពិធី​បូជា​ថ្វាយ​ចំពោះ​ព្រះ​ពុទ្ធ​បរម​គ្រូ​ជា​ម្ចាស់​នៃ​យើង។ មាន​អ្វី​ដែល​យើង​អាច​មាន​បាន យើង​យក​មក​បូជា​នៅ​ក្នុង​ថ្ងៃ​ហ្នឹង យើង​ជ្រះ​ថ្លា​ចំពោះ​ព្រះ​ពុទ្ធ​បរម​គ្រូ​ជា​ម្ចាស់​ហ្នឹង​តែ​ម្ដង"
ទាក់ទង​និង​ការ​ប្រារព្ធ​ពិធី​បុណ្យ​មាឃ​បូជា​នេះ បើ​ទោះបី​ជា​ពុទ្ធ​បរិស័ទ​ថា​បុណ្យ​នេះ​មាន​សារសំខាន់​យ៉ាង​ណា​ក៏​ដោយ ប៉ុន្តែ​ក្នុង​នោះ ក៏​មាន​ប្រជា​ពល​រដ្ឋ​ខ្មែរ​ពុទ្ធ​បរិស័ទ​មួយ​ចំនួន​ទៀត ពិសេស​យុវវ័យ​ក្មេងៗ នៅ​ក្នុង​ជំនាន់​នេះ ភាគ​ច្រើន​គេ​ពុំ​សូវ​បាន​យល់​ដឹង​ពី​អត្ថន័យ​នៃ​បុណ្យ​នេះ​ប៉ុន្មាន​ទេ។ ប្រការ​នេះ​ហើយ នៅ​ពេល​ប្រារព្ធ​ពិធី​បុណ្យ​មាឃ​បូជា​ទាំង​នៅ​កន្លែង​តម្កល់​ព្រះ​ សារីរិកធាតុ​ភ្នំ​អដ្ឋរស្ស ក្នុង​ស្រុក​ពញាឮ ខេត្ត​កណ្ដាល​ក្ដី ទាំង​នៅ​តាម​វត្ត​អារាម​ក្ដី គេ​មិន​សូវ​ឃើញ​យុវវ័យ​ទៅ​ចូល​រួម​ប៉ុន្មាន​ឡើយ។
យុវតី​មួយ​រូប​ឈ្មោះ ភ័ណ ស្រីលីន រៀន​នៅ​សកល​វិទ្យាល័យ​លីមកុកវិញ នៅ​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា នៅ​រៀង​រាល់​ពេល​បុណ្យ​ពុទ្ធ​សាសនា​ម្ដងៗ ដូច​ជា​បុណ្យ​មាឃ​បូជា​ជា​ដើម គឺ​ពួក​នាង​ជា​យុវវ័យ​ភាគ​ច្រើន​បាន​ដឹង​ត្រឹម​តែ​ថា ថ្ងៃ​នោះ​គេ​ឲ្យ​ឈប់​សម្រាក​មួយ​ថ្ងៃ។ រី​ឯ​អ្វី​ដែល​លើស​ពី​នេះ​ទៀត គឺ​មិន​ដឹង​ទេ។
យុវតី​ដដែល​បាន​បន្ថែម​ថា ប្រការ​ដែល​យុវវ័យ​មិន​សូវ​ចាប់​អារម្មណ៍​នោះ មិន​មែន​មាន​ន័យ​ថា​មិន​ចង់​ស្វែង​យល់​ពី​ព្រះ​ពុទ្ធ​សាសនា​នោះ​ទេ ប៉ុន្តែ​បញ្ហា​នេះ​ក៏​បណ្ដាល​មក​ពី​មិន​មាន​អ្នក​ជួយ​ជំរុញ​ដល់​យុវវ័យ​ឲ្យ​ ទៅ​ចូល​រួម។ដោយ​ហេតុ​ថា នៅ​ក្នុង​សម័យ​វិទ្យាសាស្ត្រ​ទំនើប​នេះ គឺ​យុវវ័យ​ភាគ​ច្រើន​គេ​ចូល​ចិត្ត​អ្វី​ដែល​សប្បាយៗ ដូច្នេះ​បើ​ឲ្យ​គេ​ទៅ​ចូល​រួម​ពិធី​បុណ្យ​ដែល​មាន​តែ​ក្បួន​ដង្ហែ​ព្រះ ឬ​មាន​តែ​ព្រះ​សង្ឃ​សម្ដែង​ធម៌​ទេសនា​ត្រង់ៗ តែ​ម្ដង​នោះ គឺ​មិន​អាច​ទាក់​ទាញ​យុវវ័យ​បាន​ទេ ៖ "អ៊ីចឹង​ហើយ​បើ​សិន​ជា​ខាង​ព្រះ​ ពុទ្ធ​សាសនា​ហ្នឹង​គាត់​មាន​កម្មវិធី​បង្រៀន​ផង​បែប​លេង​ផង... សិស្ស​ឥឡូវ​អាច​ទទួល​យក​បាន។ បើ​ថា​ឲ្យ​ទៅ​ទទួល​ធម៌​ទេសនា ឥឡូវ​ភាគ​តិច​ណាស់​ដែល​ក្មេង​យល់"
បញ្ជាក់​ប្រាប់​ស្រដៀង​គ្នា​នេះ​ដែរ យុវជន​មួយ​រូប​ទៀត​ឈ្មោះ ធារ៉ា នៅ​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ជា​ការ​ពិត​យុវវ័យ​សម័យ​នេះ ដូច​ជា​រូប​គេ​ជា​ដើម ទាក់​ទង​និង​ការ​ទៅ​បុណ្យ​ទាន ហើយ​មាន​សំដែង​ធម៌​ទេសនា​អប់រំ​ត្រង់ៗ​នោះ គឺ​មិន​សូវ​ចូល​ចិត្ត​ទេ។ ដូច្នេះ​គេ​ចង់​ឲ្យ​អ្នក​ដឹក​នាំ​ផ្នែក​ព្រះ​ពុទ្ធ​សាសនា​រៀបចំ​ឲ្យ​មាន​ កម្មវិធី​ពន្យល់​ណែនាំ​យុវជន​តាម​រយៈ​ការ​សំដែង​សិល្បៈ​ស្ដីពី​ពុទ្ធ​សាសនា ដូច​ជា​សំដែង​រឿង​អំពី​ដំណើរ​ជីវិត​របស់​ព្រះ​ពុទ្ធ​អង្គ​ជា​ដើម នោះ​ទើប​អាច​ជួយ​បណ្ដុះ​គំនិត​យុវវ័យ​ឲ្យ​ចូល​រួម​នៅ​ក្នុង​ពិធី​បុណ្យ​ទាន​ បាន ៖ "គួរ​តែ​ផ្សព្វ​ផ្សាយ​តាម​ទូរទស្សន៍ វិទ្យុ​អី​អ៊ីចឹង។ ព្រោះ​អី​ទូរទស្សន៍ យុវវ័យ​ដូច​ប៉ិនៗ​ខ្ញុំ​អ៊ីចឹង គាត់​ចូល​ចិត្ត​មើល​ខាង​ទូរទស្សន៍​អី​ទៅ ពួក​ខ្ញុំ​អាច​ដឹង​ច្រើន​ជាង​ហ្នឹង"
ក្រៅ​ពី​មាន​ការ​លើក​ឡើង​របស់​យុវវ័យ​ថា​មិន​សូវ​បាន​យល់​ដឹង​ពី​អត្ថន័យ ​នៃ​ការ​ប្រារព្ធ​ពិធី​បុណ្យ​មាឃ​បូជា បុរស​មួយ​រូប​ឈ្មោះ ហា គីម នៅ​ខេត្ត​បាត់ដំបង បាន​មាន​ប្រសាសន៍​ថា នៅ​ពេល​មាន​ពិធី​បុណ្យ​មាឃ​បូជា​ម្ដងៗ មិន​ថា​តែ​រូប​លោក​ទេ ដែល​មិន​សូវ​បាន​ដឹង​ពី​អត្ថន័យ​នៃ​បុណ្យ​មាឃ​បូជា ក្រៅពី​នេះ​ក៏​មាន​អ្នក​ស្រុក​ច្រើន​ទៀត​នៅ​ទី​នោះ ក៏​មិន​បាន​ដឹង​ដែរ ពី​ព្រោះ​ក្នុង​ពេល​នោះ​មិន​មាន​លោក​អាចារ្យ​គណៈកម្មការ​វត្ត ឬ​ព្រះ​សង្ឃ​លោក​ពន្យល់​អប់រំ​ឲ្យ​បាន​ក្បោះ​ក្បាយ​ក៏​ទេ​ដែរ គឺ​ច្រើន​តែ​នាំ​គ្នា​សូត្រ​ធម៌។
ស្ត្រី​មន្ត្រី​រាជ​ការ​មួយ​រូប ឈ្មោះ ម៉ាល័យ នៅ​ភ្នំពេញ បាន​មាន​ប្រសាសន៍​ប្រាប់​ដែរ​ថា សម្រាប់​ពិធី​បុណ្យ​មាឃ​បូជា បើ​ទោះ​បី​គាត់​ជា​ពុទ្ធ​បរិស័ទ​មួយ​រូប​ក៏​ដោយ ប៉ុន្តែ​ការ​យល់​ដឹង​ពី​ពិធី​បុណ្យ​នេះ គឺ​នៅ​មាន​កម្រិត ពី​ព្រោះ​សព្វ​ថ្ងៃ​បញ្ហា​ជីវភាព​រស់​នៅ​ខ្វះ​ខាត ធ្វើ​ឲ្យ​គាត់​ចាប់​អារម្មណ៍​ទៅ​លើ​ជីវភាព​ច្រើន​ជាង​ការ​ទៅ​ធ្វើ​បុណ្យ​ទាន ៖ "ដូច​ខ្ញុំ​អ៊ីចឹង ថ្ងៃ​ឈប់​សម្រាក​អ៊ីចឹង ខ្ញុំ​ឆ្លៀត​ពេល​ហ្នឹង ខ្ញុំ​ទទួល​ដេរ​ខោ​អាវ​រយ​ខោ​អាវ​អី​អ៊ីចឹង ដោយ​សារ​ជីវភាព​យើង​ខ្វះ​ខាត។នៅ​ផ្ទះ​ទៅ​យើង​ដេរ​ខោ​អាវ​អី​ឲ្យ​គេ"
នូវ​រាល់​ការ​លើក​ឡើង​របស់​យុវវ័យ​ក្តី របស់​មនុស្ស​វ័យ​ចាស់​ក្ដី ថា​សុំ​ឲ្យ​គណៈកម្មការ​រៀបចំ​ពិធី​បុណ្យ​បង្កើត​កម្មវិធី​អប់រំ​ស្ដីពី​ ពុទ្ធ​សាសនា ឬ​មាឃ​បូជា​នោះ លោក ញាណ ភឿន ទីប្រឹក្សា​ក្រសួង​ធម្មការ និង​សាសនា បាន​មាន​ប្រសាសន៍​ថា តាម​ពិត​ទៅ នៅ​ក្នុង​វត្ត​អារាម​និមួយៗ នៅ​ទូទាំង​ប្រទេស ដែល​មាន​ចំនួន​ជាង ៤.០០០​វត្ត​ក្នុង​ពេល​ដែល​ប្រារព្ធ​ពិធី​បុណ្យ​មាឃ​បូជា​ម្ដងៗ គឺ​គេ​តែង​តែ​មាន​ការ​អប់រំ ពន្យល់​ប្រាប់​ពុទ្ធ​បរិស័ទ​អំពី​អត្ថន័យ​របស់​បុណ្យ​ទៅ​តាម​រយៈ​នៃ​ការ​ សំដែង​ធម៌​ទេសនា​របស់​ព្រះ​សង្ឃ។
លោក​បាន​បន្ត​ថា ក្រៅ​ពី​នេះ ក៏​មាន​ធ្វើ​ពិធី​រាប់​បាត្រ​ព្រះ​សង្ឃ​ក្នុង​ពិធី​បុណ្យ​មាឃ​បូជា ដូច​ជា​ធ្វើ​នៅ​កន្លែង​តម្កល់​ព្រះ​បរម​សារីរិកធាតុ​របស់​ព្រះ​ សម្មាសម្ពុទ្ធ​នៅ​ភ្នំ​អដ្ឋរស្ស ស្រុក​ពញាឮ ខេត្ត​កណ្ដាល​ជា​ដើម ដើម្បី​ឲ្យ​ពុទ្ធ​បរិស័ទ​ចូល​រួម​បំពេញ​កុសល​តាម​កម្លាំង​សទ្ធា​របស់​គេ។
ព្រះ​តេជ​ព្រះ​គុណ ភួង សុភឿន ព្រះ​សមុហ៍ធរ​ស្រុក​ភ្នំ​ស្រួច ខេត្ត​កំពង់ស្ពឺ។ ព្រះ​អង្គ​បាន​មាន​ព្រះ​ថេរដីកា​បញ្ជាក់​ដែរ​ថា វត្ត​អារាម​នៅ​ក្នុង​ខេត្ត​នេះ ក៏​បាន​ធ្វើ​ដូច​គ្នា​ដែរ ហើយ​នូវ​រាល់​កម្មវិធី​ទាំង​អំបាលម៉ាន​នោះ​ហើយ ដែល​ជា​ការ​បង្ហាញ​អប់រំ​ពន្យល់​ប្រាប់​ដល់​ពុទ្ធ​បរិស័ទ​ប្រុស​ស្រី​ចាស់​ ក្មេង​ឲ្យ​បាន​ដឹង​អំពី​អត្ថន័យ​ដ៏​មាន​សារសំខាន់​នៃ​ពិធី​បុណ្យ​មាឃ​បូជា។
ព្រះ​តេជ​ព្រះ​គុណ​បាន​បន្ថែម​ថា តាម​ពិត​ទៅ បុណ្យ​មាឃ​បូជា គឺ​ធ្វើ​ឡើង​ដើម្បី​រំលឹក​ដល់​ព្រះ​មហា​ឧបការ​គុណ​របស់​ព្រះ​ពុទ្ធ​អង្គ ដែល​ទ្រង់​បាន​សំដែង​ឱវាទ​បាតិមោក្ខ​ដល់​ពុទ្ធ​បរិស័ទ​ទាំង​បព្វជិត និង​គ្រហស្ថ។ ឱវាទ​បាតិមោក្ខ​នោះ គឺ​ព្រះ​ពុទ្ធ​អង្គ​ទ្រង់​អប់រំ​ទូន្មាន​ថា ឲ្យ​វៀរចាក​អំពើ​បាប ឬ​មិន​ធ្វើ​អំពើ​អាក្រក់​ផង​ទាំង​ពួង ឲ្យ​ធ្វើ​អំពើ​ល្អ បំពេញ​កុសល និង​ធ្វើ​ចិត្ត​របស់​ខ្លួន​ឲ្យ​ស្អាត​ផូរផង់។
នៅ​ក្នុង​ឯកសារ​របស់​ព្រះ​ពុទ្ធ​សាសនា​បាន​ឲ្យ​ដឹង​ថា ការ​ប្រារព្ធ​ពិធី​បុណ្យ «មាឃ​បូជា» គឺ​ដើម្បី​រំលឹក​ដល់​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​បាន​កើត​ឡើង​នៅ​ក្នុង​សម័យ​ពុទ្ធ​កាល ដែល​កាល​នោះ មាន​ការ​ប្រជុំ​ចតុរង្គ​សន្និបាត ឬ​ការ​ប្រជុំ​ប្រកប​ដោយ​អង្គ​៤ គឺ ៖
ទី​១-នៅ​ក្នុង​ថ្ងៃ​នោះ ជា​ថ្ងៃ​ពេញ​បូណ៌មី មាន​ព្រះ​ច័ន្ទ​ពេញ​វង់។
ទី​២ -ព្រះ​ភិក្ខុ​សង្ឃ​ចំនួន ១២៥០​អង្គ បាន​និមន្ត​មក​ជួប​ជុំ​គ្នា​នៅ​ក្នុង​សន្និបាត​នោះ ដោយ​ពុំ​មាន​អ្នក​ណា​និមន្ត ឬ​ឥត​ដឹង​មុន ក៏​ស្រាប់​តែ​មក​ព្រម​គ្នា​តែ​ម្ដង។
ទី​៣-ព្រះ​ភិក្ខុ​សង្ឃ​ទាំង​អំបាលម៉ាន​នោះ​សុទ្ធ​តែ​ជា​ព្រះ​អរហន្ត។
ទី​៤-ព្រះ​ភិក្ខុ​សង្ឃ​ទាំង​នោះ គឺ​ជា​ឯហិភិក្ខុ​ដូច​គ្នា​ទាំង​អស់៕
កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​ នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ ប៉ុណ្ណោះ។

Thursday, December 29, 2011

កម្ពុជា​ជា «ឋានសួគ៌» សម្រាប់​បុរស


ដោយ ម៉ៅ សុធានី
2011-12-11

បុរស​មួយ​ចំនួន​នៅ​កម្ពុជា ដែល​មាន​ភរិយា​ហើយ មិន​ថា​តែ​មាន​ទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ និង​មាន​បុណ្យ​សក្ដិ​ខ្ពស់​ទេ អ្នក​មធ្យម​ធម្មតា​ក៏​តែង​តែ​លប​លួច​ទៅ​មាន​ស្ត្រី​កំណាន់​ចិត្ត​ក្មេងៗ ដែល​មាន​រូបរាង និង​សម្ផស្ស​ស្រស់​ស្អាត​ដែរ។

បញ្ហា​ស្រី​កំណាន់​ចិត្ត ឬ​ប្រពន្ធ​ដើម និង​ប្រពន្ធ​ចុង​នេះ គឺ​ពិត​ជា​កំពុង​កើត​មាន​ឡើង​ច្រើន​នៅ​ក្នុង​សង្គម​ខ្មែរ​បច្ចុប្បន្ន។ ទោះបី​ជា​គេ​ពុំ​មាន​ស្ថិតិ​ចំនួន​បុរស​ជា​ស្វាមី ដែល​ផិត​ក្បត់​ក្នុង​ចំណង​អាពាហ៍ពិពាហ៍​ក្ដី ប៉ុន្តែ​គេ​សង្កេត​ឃើញ​ថា សព្វ​ថ្ងៃ​នេះ បុរស​រៀប​ការ​មួយ​ចំនួន​ដែល​ខ្លះ​មាន​វ័យ​ចំណាស់​ៗ បាន​លប​លួច​ទៅ​មាន​ស្ត្រី​កំណាន់​ចិត្ត​ក្មេងៗ ដែល​ខ្លះ​អាច​ធ្វើ​ជា​ឪពុក ឬ​ជីតា​របស់​ស្ត្រី​ក្មេង​ៗ ទាំង​នោះ​បាន​ថែម​ទៀត​ផង។

បញ្ហា​ផិត​ក្បត់​នេះ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ផ្ទាល់​ជា​មួយ​បញ្ហា​នានា​របស់​ ស្រ្តី បាន​អះអាង​ថា មាន​កត្តា​ពាក់ព័ន្ធ​ជា​ច្រើន ក្នុង​នោះ​រួម​មាន​ការ​ប្រើ​អំណាច​បុណ្យ​ស័ក្ដិ និង​ការ​ប្រើ​ឥទ្ធិពល​ទឹក​ប្រាក់ ជះ​លើ​ស្ត្រី​ក្មេង​ៗ ទិញ​ដូរ​ការ​សប្បាយ​រួម​ភេទ​របស់​បុរស​ទាំង​នោះ។ បន្ថែម​ពី​នេះ ស្ត្រី​ក្មេង​ៗ​ខ្លួន​ឯង​ផ្ទាល់ ភ្លើតភ្លើន​នឹង​សម្ភារៈ​និយម ក៏​សុខ​ចិត្ត​ទទួល​យល់​ព្រម​ជា​មួយ​បុរស​រៀប​ការ​នោះ ដោយ​ពួក​គេ​បាន​ទទួល​នូវ​អ្វី​ៗ​គ្រប់​បែប​ពី​បុរស​នោះ ដូច​ជា​គ្រឿង​អលង្ការ​មាស​ពេជ្រ រថយន្ត​ទំនើប​ៗ និង​សំលៀក​បំពាក់​ហ៊ឺហា​ថ្លៃ​ៗ ជា​ដើម។

អ្នក​នាង ស្រី មុំ ម្ចាស់​ហាង​កែ​សម្ផស្ស​មួយ​នៅ​ផ្សារ​ដើម​ថ្កូវ បាន​ប្រាប់​វិទ្យុ​អាស៊ី​សេរី​តាម​ទូរស័ព្ទ​អំពី​ការ​យល់​ឃើញ​របស់​ខ្លួន​ថា មូលហេតុ​ដែល​ស្ត្រី​ក្មេង​ស្អាត​ៗ សុខ​ចិត្ត​លប​លួច​ធ្វើ​ជា​ស្ត្រី​កំណាន់​ចិត្ត​នោះ គឺ​ដោយ​សារ​តែ​ភ្លើតភ្លើន​នឹង​ទ្រព្យ​សម្បត្តិ ដែល​បាន​មក​ដោយ​ងាយ​ៗ និង​មិន​ចង់​លំបាក​ក្នុង​ជីវិត ៖ «ពួក​គាត់​ខ្វះ​ខាត គាត់​អត់​ខ្វល់​ទេ។ គាត់​ធ្វើ​ដូច​ម្ដេច​បាន លុយ​កាន់​តែ​ច្រើន តែ​ល្អ​សម្រាប់​ចំណាយ មិន​ថា​តែ​ចំពោះ​ឲ្យ​គាត់ ឬ​ឲ្យ​ឪពុក​ម្ដាយ និង​ក្រុម​គ្រួសារ ពី​ព្រោះ​គេ​បាន​មក​ដោយ​ស្រួល គេ​អត់​ពិបាក មាន​លុយ​ចាយ​សប្បាយ​ហ៊ឺហា​ធ្វើ​ខ្លួន។ ចំណែក​ខ្ញុំ​ខំ​ប្រឹង​រក អត់​មាន​ភ្ញៀវ គិត​ច្រើន​ពី​បញ្ហា​លំបាក​គ្រប់​បែប​យ៉ាង»។

ស្រី មុំ បាន​ឲ្យ​ដឹង​ថា បញ្ហា​លប​លួច​ស្នេហា​ត្រីកោណ​នេះ គឺ​មាន​កើត​ឡើង​ច្រើន​ចំពោះ​តែ​ស្ត្រី​ក្មេង​ស្អាត​ៗ ប៉ុន្តែ​ក៏​មាន​មនុស្ស​ស្រី​ខ្លះ​គេ​ល្អ​ត្រឹមត្រូវ​មិន​ធ្វើ​ផ្ដេសផ្ដាស និង​ភ្លើតភ្លើន​ទៅ​តាម​មិត្តភ័ក្ដិ​នោះ​ដែរ។ ស្រី មុំ បន្ត​ថា ដោយ​សារ​ចរន្ត​នៃ​ផ្នត់​សង្គម​បច្ចុប្បន្ន ស្ត្រី​ក្មេង​ៗ មួយ​ចំនួន មិន​បាន​គិត​វែង​ឆ្ងាយ​ទេ ទោះបី​ជា​មាន​ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព និង​អាយុ​ជីវិត​របស់​ខ្លួន​ក៏ដោយ ៖ «គាត់​ខ្លាច តែ​ប្រថុយ​បង។ មាន​មួយ​ភាគ​ទៅ​អ៊ីចឹង តែ​ក៏​មាន​ខ្លះ​គេ​ល្អ​ដែរ។ ប៉ុន្តែ​ឥឡូវ​នេះ​គឺ​មាន​កើត​ច្រើន ព្រោះ​វា​អ៊ីចឹង គេ​ដោះ​ស្រាយ​មួយ​ពេល​សិន។ ហើយ​អ្នក​ខ្លះ គេ​មិន​គិត​ល្ងង់​ដូច​ខ្ញុំ​ទេ មួយ​ធ្វើ​ស្រែ មួយ​ជិះ​ឡាន​ឡិចសីស ឥឡូវ​ខ្ញុំ​សួរ​សំណួរ​ទៅ​បង​ស្រី។ មួយ​ធ្វើ​ស្រែ​ជំទិត​ហាល​ក្ដៅ​ហាល​ភ្លៀង ហើយ​មួយ​ទៀត​ជិះ​ឡាន​ល្អ មាន​អ្នក​បម្រើ​ឆ្វេង​ស្ដាំ មាន​ម៉ាស៊ីន​ត្រជាក់ បង​ស្រី​យក​មួយ​ណា បាន​ចាយ​លុយ​ស្រួល បាន​ស្អាត​ខ្លួន​ទៀត ម៉្លោះ​ហើយ​ត្រូវ​តែ​ជ្រើស​រើស​យក​ទៅ»។

ពាក់ព័ន្ធ​នឹង​ទស្សនៈ​យល់​ឃើញ​របស់​ស្ត្រី​ក្មេង​ៗ ដែល​សុខ​ចិត្ត​តស៊ូ​ទាំង​ការ​ភ័យ​ខ្លាច ដើម្បី​ធ្វើ​ជា​ស្ត្រី​កំណាន់​ចិត្ត​លួច​លាក់​នោះ លោក​ស្រី​វេជ្ជបណ្ឌិត ពុង ឈីវកេក ប្រធាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ ឈ្មោះ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការ​ពារ​សិទ្ធិ​មនុស្ស ហៅ​កាត់​ថា​លីកាដូ បាន​មាន​ប្រសាសន៍​ថា បញ្ហា​ផិត​ក្បត់​នេះ គឺ​កំហុស​ទាំង​សង​ខាង រវាង​បុរស និង​ស្ត្រី ៖ «ខ្ញុំ​អត់​បន្ទោស​នាង​ស្ត្រី​ទេ ខ្ញុំ​អាណិត​ទៅ​វិញ ពី​ព្រោះ​គ្នា​គ្មាន​ឱកាស​បាន​ទៅ​រៀន​សូត្រ​ឲ្យ​បាន​ជ្រៅ​ជ្រះ។ បើ​បាន​រៀន​សូត្រ​ចេះ​ដឹង​ជ្រៅ​ជ្រះ ស្ត្រី​ហ្នឹង​មិន​ចង់​ទៅ​ធ្វើ​ជា​ប្រពន្ធ​ចុង​គេ​ទេ ចង់​តែ​មាន​ស្វាមី​មួយ​ម្នាក់​ឯង ហើយ​ចង់​មាន​កូន​ចៅ​ត​ពូជ​ទៅ​ថ្ងៃ​ក្រោយ»។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ជា​ច្រើន​បាន​អះអាង​ថា ស្វាមី​ដែល​ផិត​ក្បត់​ភាគ​ច្រើន​សុទ្ធ​តែ​ជា​អ្នក​មាន​អំណាច​បុណ្យ​ស័ក្ដិ​ ខ្ពស់ និង​មាន​ទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ អាច​ទិញ​ផ្ទះ​លួច​លាក់​ឲ្យ​ស្ត្រី​នោះ​រស់​នៅ​ស្ងាត់​ៗ និង​ឧបត្ថម្ភ​គ្រប់​បែប​យ៉ាង។ ប៉ុន្តែ​ភរិយា​ដើម​ដែល​រៀប​ការ​ពេញ​ច្បាប់ បុរស​ជា​ស្វាមី​នោះ​ពុំ​លែង​ទេ ទោះបី​ជា​ភរិយា​សុំ​លែង​ក៏​ដោយ ពី​ព្រោះ​ខ្លាច​ខូច​កេរ្តិ៍ឈ្មោះ និង​បុណ្យ​ស័ក្ដិ។

អ្នក​ស្រី លឹម មុន្នី អនុ​ប្រធាន​កម្មវិធី​ស្ត្រី និង​កុមារ​នៃ​សមាគម​អាដហុក ធ្លាប់​បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា បុរស​ជា​ស្វាមី​ភាគ​ច្រើន​ដែល​ចូល​ចិត្ត​ដើរ​លេង​ផឹក​ស៊ី និង​ស្វែង​រក​ការ​សប្បាយ​ផ្លូវ​ភេទ​នៅ​ខាង​ក្រៅ ពី​ព្រោះ​គេ​ធុញ​ទ្រាន់​នឹង​បរិយាកាស​នៅ​ក្នុង​ផ្ទះ ៖ «ពេល​ព្រលប់​ឡើង ច្រើន​តែ​បុរស​ជា​ស្វាមី​ចេញ​ទៅ​ខាង​ក្រៅ ទៅ​រក​ការ​កម្សាន្ត​សប្បាយ។ ហើយ​ពោល​ថា​នៅ​ផ្ទះ​ឃើញ​តែ​ប្រពន្ធ និង​កូន​ដដែលៗ។ គាត់​អត់​សប្បាយ​ចិត្ត​ទេ គាត់​ទៅ​បារ ឬ​ក្លឹប បាន​គាត់​សប្បាយ ឃើញ​គេ​ប្លែកៗ»។

លោក​ស្រី​វេជ្ជបណ្ឌិត ពុង ឈីវកេក បាន​មាន​ប្រសាសន៍​បន្ថែម​ថា ដោយ​សារ​តែ​នៅ​ក្នុង​ប្រទេស​កម្ពុជា ពុំ​មាន​ច្បាប់​ដាក់​ទោស​ចំពោះ​ស្វាមី​ណា​ដែល​មាន​ស្ត្រី​កំណាន់​ចិត្ត​ ច្រើន​នោះ ម្ល៉ោះ​ហើយ​បុរស​ជា​ស្វាមី ចេះ​តែ​បន្ត​ធ្វើ​ដោយ​ពុំ​បាន​គិត​ពី​អារម្មណ៍​របស់​ភរិយា ឬ​ផល​វិបាក​ក្នុង​គ្រួសារ​ទៅ​ថ្ងៃ​អនាគត​នោះ​ឡើយ ៖ «បុរស​ឃើញ​ថា​ស្រួល ធ្វើ​ខុស​មាន​ប្រពន្ធ​មួយ​ទៀត​ទៅ មាន​កូន​អ៊ីចឹង​ទៅ អត់​មាន​ច្បាប់​មក​កាត់​ទោស​ខ្លួន​ឯង​ទេ ម្ល៉ោះ​ហើយ​ចេះ​តែ​ធ្វើ​ទៅ អាង​ខ្លួន​មាន​អំណាច​ដោយ​សារ​ថវិកា​ច្រើន។ បើ​សិន​ជា​យើង​បាន​រៀន​សូត្រ​ទាំង​អស់​គ្នា ទាំង​បុរស​ទាំង​ស្ត្រី​ក្ដី ស្ត្រី​ត្រូវ​ពិចារណា តើ​ហេតុ​អ្វី​បាន​ជា​ធ្វើ​ប្រពន្ធ​ចុង​គេ មាន​តម្រិះ​វិជ្ជា​ដែរ រក​ការ​ងារ​ធ្វើ និង​ឯករាជ្យ​ដែរ ហេតុ​ម៉េច​បាន​ជា​មិន​រក​បុរស​ធ្វើ​ជា​ស្វាមី»។

អត្ថបទ​ស្រាវ​ជ្រាវ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​របស់​ក្រុម​អ្នក​វិទ្យាសាស្ត្រ ដែល​បាន​ចុះ​ផ្សាយ​ក្នុង​ទំព័រ​វ៉ិបសាយ​ជា​ច្រើន​នៅ ស.រ.អា. នេះ បាន​ឲ្យ​ដឹង​ថា ការ​វិវត្ត និង​ការ​ប្រែប្រួល​នៃ​សម័យ​ជឿន​លឿន​សព្វ​ថ្ងៃ​នេះ បាន​ជំរុញ​ឲ្យ​បុរស​ជា​ស្វាមី ស្វែង​រក​ការ​សប្បាយ​ជា​មួយ​ស្ត្រី​វ័យ​ក្មេងៗ មាន​រូប​រាង​ល្អ មុខ​មាត់​ស្រស់​ស្អាត ដែល​ទាក់​ទាញ​បុរស​ឲ្យ​មាន​អារម្មណ៍​ត្រេក​ត្រអាល​ក្នុង​រឿង​ផ្លូវ​ភេទ។

ចំណែក​នៅ​ក្នុង​ប្រទេស​កម្ពុជា​វិញ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រំពឹង​ថា នៅ​ថ្ងៃ​ណា​មួយ រាជ​រដ្ឋាភិបាល​កម្ពុជា​នឹង​យក​ចិត្ត​ទុក​ដាក់​បន្ថែម​អំពី​បញ្ហា​ប្រពន្ធ​ ដើម ប្រពន្ធ​ចុង និង​ស្រី​កំណាន់​ចិត្ត​នេះ ដែល​មន្ត្រី​ទាំង​នោះ​យល់​ឃើញ​ថា​ទង្វើ​ទាំង​ស្ត្រី និង​បុរស​ទាំង​នេះ​នាំ​ឲ្យ​ប៉ះពាល់​ធ្ងន់​ដល់​ប្រពៃណី សីលធម៌ និង​ភាព​ថ្លៃថ្នូរ​របស់​សង្គម​គ្រួសារ​ខ្មែរ៕
 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons